Monday, December 19, 2011

អ្នក​ភូមិ​នៅ​បាត់ដំបង ដណ្ដើម​មនុស្ស​ពី​ប៉ូលិស

2011-12-19
មនុស្ស ​ចំនួន​ជាង ៣០ នាក់ នៅ​ខេត្ត​បាត់ដំបង បាន​តវ៉ា និង​ដណ្ដើម​យក​អ្នក​ភូមិ​ចំនួន ២ នាក់ ក្នុង​ចំណោម​អ្នក​ភូមិ ៤ នាក់ ពី​ប៉ូលិស និង​មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១៩ ធ្នូ ឆ្នាំ ២០១១។
ការ​តវ៉ា និង​ការ​ដណ្ដើម​មនុស្ស​នេះ បាន​កើត​មាន​នៅ​ពេល​ដែល​តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​អ្នក​ទាំង ៤ នាក់​ទៅ​សាកសួរ​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​មួយ​កន្លែង នៅ​ស្រុក​រតនៈ​មណ្ឌល។

ប្រជា​ពល​រដ្ឋ​ប្រុស​ស្រី ចំនួន​ជាង ៣០នាក់ បាន​នាំ​គ្នា​ចាប់​ដណ្ដើម​ យក​អ្នក​ភូមិ​២ នាក់​ ពី​កង​កម្លាំង​សមត្ថ​កិច្ច​ នៅ​ខាង​មុខ​អគារ​តុ​លា​ការ ​ក្រោយ​ពី ​ចៅ​ក្រម​ សា​លា​ដំបូង​ខេត្ត​បាត់ដំបង​បាន សម្រេច​ឃុំ​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់ ​ក្នុង​ចំណោម​អ្នក​ភូមិ​៤​នាក់។ អ្នក​ភូមិ​ទាំង​ពីរ​នាក់​ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​លើ​សំណុំ​រឿង ព្រហ្មទណ្ឌ​លេខ ៥២៥ ចុះ​ថ្ងៃ​ទី​២៦​ខែ​កក្កដា​ឆ្នាំ​២០១១​ ដែល​មាន​មន្ត្រី​យោធា​ជា​ដើម​បណ្ដឹង​។
មន្ត្រី​ យោធា​បាន​ប្ដឹង​ចោទ​ប្រ​កាន់​ អ្នក​ភូមិ​ទាំង ៤ នាក់ ពី​បទ​រំលោភ​កាន់​កាប់​អចលន​វត្ថុ​របស់​អ្នក​ដទៃ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង ១០០ ហិកតារ ស្ថិត​ភូមិ​គីឡូ ១៣ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល នៅ​ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​ទាំង​ពីរ​នាក់​ ដែល ​សា​លា​ដំបូង​ខេត្ត​បាត់​ដំ​បង​បាន​សំ​រេច​​ឃុំ​ ខ្លួន​ ​នោះ ​មាន​ ឈ្មោះ អ៊ីវ ឃាង និង​ឈ្មោះ យ៉ង គឹម​អុន បន្ទាប់​ពី​បាន​សួរ​នាំ​រួច​មក។
លោក នួន សាន ព្រះរាជ​អាជ្ញា​តុលា​ការ​ខេត្ត​បាត់​ដំបង​ បា​ន​ចុះ​ធ្វើ​កិច្ច​អន្តរាគមន៍ ដោយ​បាន​ដោះ​លែង​អ្នក​ភូមិ​ទាំង​ពីរ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​រង់ចាំ​តុលាការ​កោះហៅ​ជាថ្មី។
ក្នុង​អំពើ​ហិង្សា​ទាញ​ដណ្ដើម​អ្នក​ភូមិ​ជាប់​ខ្នោះ​ដៃ​ពីរ​នាក់​នោះ ប៉ូលិស​បាន​ចាប់​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​ ម្នាក់​ផ្សេង​ទៀត ឈ្មោះ ខេន ឃុំ ខ្លួន​ទុក។ ប៉ូលិស​បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ រូប​នេះ​ពី​បទ​វាយ​តតាំង​ជា​មួយ​កម្លាំង​សមត្ថកិច្ច។
លោក ស្រី ​អ៊ីវ ​ឃាង​​អាយុ ៤៨ ឆ្នាំ បាន​ថ្លែង​នៅ​មុន​ការ​ឃុំ​ខ្លួន​ថា មន្ត្រី​យោធា ​ឈ្មោះ​ លោក​ កែវ សារ៉ាន់ បាន​ប្ដឹង​ពួក​គាត់​ទាំង ៤ នាក់​ទៅ​តុលាការ កា​ល​ពី​ខែ​កក្កដា ឆ្នាំ ២០១១ ទាក់ទិន​ជម្លោះ​ដីធ្លី​ជាង ១០០ ហិកតារ​នៅ​ចំណុច​ភ្នំ​តា​ទ្រូ ភូមិ​គី​ឡូ ៣៨ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខេត្ត​បាត់ដំបង។ ប្រជា​ពលរដ្ឋ​មាន​ចំនួន ៤៣ គ្រួសារ ប៉ុន្តែ​មន្ត្រី​យោធា​បាន​ប្ដឹង​តែ​ពួក​គាត់ ៤ នាក់​។
ពួក​គាត់​ទាំង ៤ នាក់​បាន​ចូល​ខ្លួន​មក​បំភ្លឺ​ចំនួន ៣ ដង។ ក្រឡា​បញ្ជី​របស់​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​បាត់ដំបង​បាន​ព្យាយាម​​ សម្របសម្រួល​ជា​មួយ​ពួក​គាត់​ទាំង ៤ នាក់ ឲ្យ​យល់ព្រម​ទទួល​យក​ចំណែក​ដី​ខ្លះ ដើម្បី​បញ្ចប់​សំណុំ​រឿង​ប្ដឹងផ្ដល់​គ្នា។ ប៉ុន្តែ លោកស្រី និង​អ្នក​ភូមិ​បី​នាក់​ទៀត​មិន​យល់​ព្រម​ទេ ព្រោះ​ថា ដី​ទំហំ​ជាង ១០០ ហិកតារ​នោះ​មាន​អ្នក​ភូមិ​ចំនួន ៤៣ គ្រួសារ​កាន់កាប់​រួម​គ្នា​យូរ​ណាស់​មក​ហើយ។
លោក ឈួន ឈៀន ជា​សមាជិក​ភូមិ​គីឡូ ៣៨ បាន​ចេញ​លិខិត​មួយ ចុះ​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ ២០១១ ដោយ​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ ៤៣ គ្រួសារ​បាន​កាប់​គាស់​លើ​ដី​មាន​ជម្លោះ​នោះ​ផ្សង​គ្រោះថ្នាក់​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ធ្វើ​ចម្ការ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ រហូត​មក​ដល់​ឆ្នាំ ២០១១ នេះ។
លោក យិន ម៉េង​លី ប្រធាន​សម្របសម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​បាត់​ដំបង។ លោក​ថ្លែង​ថា ​តុលាការ​គួរ​បង្វិល​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​ចេញ ហើយ​ទុក​តួនាទី​ឲ្យ​គណៈ​កម្មការ​សុរិយោដី​ដោះ​ស្រាយ។ លោក​ថា ប្រជា​ពលរដ្ឋ ក៏​បាន​ប្ដឹង​បញ្ហា​ដី​ធ្លី​នេះ ទៅ​គណៈកម្មការ​សុរិយា​ដី​ដែរ។ គណៈកម្មការ​សុរិយោ​ដី​ត្រូវ​រក​ឲ្យ​ឃើញ​ថា នរណា​ជា​ម្ចាស់​ដី​ពិត​ប្រាកដ។
លោក យិន ម៉េងលី៖ «តុលាការ​កុំ​លើក​តែ​ហេតុផល​តែ​ពី​រឿង​ឯកសារ​សូម​ ពិនិត្យ​មើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​គ្រប់​ទិដ្ឋភាព​នៃ​បញ្ហា​ដី ព្រោះ​តុលាការ​ក៏​អត់​ទាន់​បាន​ចុះ​ទៅ​មើល​ដី​ហ្នឹង​ដែរ។ ដី​នោះ​ស្រឡះ​អស់​រលីង ហើយ ​គាត់​អត់​មាន​ពាក្យ​សុំ​កាន់កាប់​ មិន​មាន​ឯកសារ ប៉ុន្តែ វា​មាន​អាជ្ញាធរ​ភូមិ​អតីត​មេ​ភូមិ និង​អនុ​ភូមិ​អះអាង​ថា គាត់​កាន់​កាប់​របៀប​ម៉េច។ អ៊ីចឹង​យើង​ត្រូវ​មើល​ជុំវិញ​ការ​រស់​នៅ​របស់​គាត់ គាត់​រស់​នៅ​របៀប​ម៉េច»។
អ្នក​ភូមិ​ទាំង ២ នាក់ ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​នោះ ​មាន​ឈ្មោះ យ៉ង គឹមអុន ភេទ​ប្រុស អាយុ ៤១ ឆ្នាំ រស់​ភូមិ​ពពាលខែ សង្កាត់​ជ្រៃ ក្រុង​បាត់​ដំ​បង។ ឈ្មោះ ស្រី ណាន់ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់​នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន។
អ្នក​ភូមិ ២ នាក់ ឈ្មោះ សឿង ពិសី ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ  និង​ឈ្មោះ អ៊ីវ ឃាង ភេទ​ស្រី អាយុ ៤៨ ឆ្នាំ រស់​នៅ​ភូមិ​គីឡូ ៣៨ ឃុំ​ត្រែង​ស្រុក​រតនៈ​មណ្ឌល ខេត្ត​បាត់ដំបង មិន​បាន​ចូល​ខ្លួន​ទេ។
សមាគម អាដហុក បាន​ឲ្យ​ដឹង​ថា ដី​ជម្លោះ​នេះ គឺ​ជា​ដី​ចម្ការ​ចាស់​របស់​ប្រជា​ពលរដ្ឋ ដែល​មាន​ចម្ងាយ​ប្រមាណ​មួយ គីឡូ​ម៉ែត្រ​ពី​ភូមិ ដែល​ប្រជា​ពលរដ្ឋ​រស់​នៅ។ ប៉ុន្តែ ដោយសារ​តែ​ចំណុច​ទី​តាំង​ដី​ទំនាស់​នេះ​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ជាមួយ​កង ​កម្លាំង​ខ្មែរក្រហម ហើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៦ និង​ឆ្នាំ ១៩៩៩ សង្គ្រាម​បាន​ស្ងប់​ស្ងាត់​ប្រជា​ពលរដ្ឋ​នាំគ្នា​ចូល​ទៅ​កាន់​កាប់​នៅ​លើ​ ចំណែក​ដី​របស់​ខ្លួន​រៀងៗ ខ្លួន៕

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home