Monday, December 19, 2011

សន្លឹក​ឆ្នោត​គំរូ ជួយ​ឲ្យ​ខ្មែរ​មួយ​រូប​ជាប់​ឆ្នោត​ជា​ទីប្រឹក្សា​ក្រុង​ឡូវែល (Lowell)

2011-12-19
លោក នួន វាសនា ជា​ជន​ជាតិ​ខ្មែរ​លើក​ដំបូង ដែល​ទើប​បាន​ជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​ទីក្រុង​ឡូវែល នៅ​សហ​រដ្ឋ​អាមេរិក បាន​បង្ហាញ​ពី​យុទ្ធ​សាស្ត្រ​នៃ​យុទ្ធនាការ​ស្វែង​រក​សំឡេង​ឆ្នោត​កាល​ពី​ខែ ​វិច្ឆិកា។
Photo courtesy of vesnanuon.com
លោក នួន វាសនា
វិធី​សាស្ត្រ​ជួយ​ដល់​បេក្ខជន​មិន​ចេះ​អក្សរ​អាច​បោះ​ឆ្នោត​បាន​ទៅ​តាម​ ឆន្ទៈ​ពិត​ប្រាកដ នៅ​សហ​រដ្ឋ​អាមេរិក​គេ​ផ្តល់​ឱកាស​ឲ្យ​ពល​រដ្ឋ​គេ​អាច​ប្រើ​សន្លឹក​ឆ្នោត​ គំរូ​កាន់​ចូល​មណ្ឌល​បោះ​ឆ្នោត។

អ្នក​ស្រី ចាន់ វ៉ាន់ទួត ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​រស់​នៅ​ក្នុង​ទីក្រុង​ឡូវ៉ែល បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ថ្វីត្បិត​តែ​នៅ​ទីក្រុង​ឡូវ៉ែល មាន​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ចេះ​អាន​ភាសា​អង់គ្លេស ប៉ុន្តែ​ពួក​គាត់​ទទួល​បាន​ការ​រៀន​សូត្រ​ពី​ការ​គូស​សន្លឹក​ឆ្នោត ដើម្បី​ជ្រើស​រើស​បេក្ខភាព​តាម​បំណង​បាន​យ៉ាង​ងាយ​ស្រូល ៖ "ទៅ​មណ្ឌល​ ហ្នឹង​យើង​កាន់​យក​គំរូ​ហ្នឹង​ទៅ​ប្រៀប​ធៀប។ យើង​យក​គំរូ​ចាស់​ហ្នឹង​ទៅ​ប្រៀប​ធៀប​នឹង​អា​គំរូ​ថ្មី​ហ្នឹង​ទៅ​ពេញ​ចិត្ត​ ដូច​ថា​ស្រឡាញ់​បេក្ខជន​ណា​យើង​បោះ​ឲ្យ​បេក្ខជន​ហ្នឹង​ទៅ។ ផ្ទៀង​ផ្ទាត់​និង​គំរូ​ចាស់ និង​គំរូ​ថ្មី​ដែល​យើង​កាន់​ទៅ ហើយ​គូស​តាម​យើង​ពេញ​ចិត្ត​អ្នក​ណា​ហ្នឹង​ទៅ"
អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា ឱកាស​នេះ​បាន​ជួយ​ដល់​អ្នក​មិន​ចេះ​អក្សរ​មិន​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ក្នុង​ការ​ជ្រើស​រើស​បេក្ខជន ៖ "ខ្ញុំ ​យល់​ឃើញ​ថា មាន​សន្លឹក​គំរូ​ហ្នឹង​យើង​ទៅ​បោះ​ទៅ​ហើយ អ្នក​អត់​ចេះ​អក្សរ​ហ្នឹង គឺ​ថា​វា​ងាយ​ស្រួល​ក្នុង​ការ​បោះ​ឆ្នោត។ វា​ល្អ​ប្រសើរ​ចំពោះ​អ្នក​ដែល ​គ្នា​អត់​ចង​ចាំ​បាន​ទៀត​ផង។ ជួយ​បាន​ត្រឹម​ត្រូវ​ច្រើន​បើ​មាន​គំរូ​ហ្នឹង​វា​អត់​ច្រឡំ​ទេ គឺ​វា​ច្បាស់​តែ​ម្ដង"
លោក នួន វាសនា ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​ជា​ទីប្រឹក្សា​ក្រុង Lowell នៃ​រដ្ឋ Massachusetts ក្នុង​ឆ្នាំ​២០១១។ លោក​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ច្បាប់​នៅ​អាមេរិក​ផ្ដល់​សិទ្ធិ​ដល់​ពល​រដ្ឋ​គេ​កាន់​សន្លឹក​ឆ្នោត​គំរូ ចូល​ទៅ​ផ្ទៀង​ផ្ទាត់​តាម​ដែល​គេ​ចង់​បាន ៖ "សន្លឹក​ឆ្នោត​គំរូ​ហ្នឹង គឺ​ថា​មាន​នៅ​កន្លែង​បោះ​ឆ្នោត​ហ្នឹង គឺ​មណ្ឌល​បោះ​ឆ្នោត​ហ្នឹង​មាន​សន្លឹក​ឆ្នោត​គំរូ​ដូច​សន្លឹក​ឆ្នោត​មែនទែន​ អ៊ីចឹង។ ក៏​ប៉ុន្តែ​គ្រាន់​តែ​យើង​សរសេរ​ជា​ភាសា​អង់គ្លេស​ដាក់​ថា​សន្លឹក​ឆ្នោត​ គំរូ ហើយ​បង​ប្អូន​ដែល​យើង​គូស​បេក្ខជន​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គូស​លេខ​របស់​ខ្ញុំ​ៗ​គូស​ក្នុង​រង្វង់​ក្រពើ​ហ្នឹង ឈ្មោះ​របស់​ខ្ញុំ​ដូច​ឆ្នោត​មែនទែន​អ៊ីចឹង។ នៅ​ពេល​ដែល​គាត់​កាន់​យក​ទៅ​ហ្នឹង។ អត់​ខុស​ច្បាប់​ទេ​នៅ​សហ​រដ្ឋ​អាមេរិក"
លោក វាសនា បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិន​បើ​គ្មាន​យុត្តិសាស្ត្រ​នេះ​ទេ លោក​មិន​អាច​ជាប់​ឆ្នោត​នៅ​ក្នុង​ទីក្រុង​នេះ​បាន​ទេ ព្រោះ​ថា មាន​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ទីក្រុង​នេះ​ជិត​ពាក់​កណ្ដាល​នៃ​ចំនួន​ពល​ រដ្ឋ​នៃ​ទីក្រុង​នេះ​ទាំង​មូល ហើយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​មិន​ចេះ​អក្សរ មាន​ការ​ពិបាក​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត ជា​ពិសេស​ចាស់ៗ ដែល​គាត់​ភៀស​ខ្លួន​មក​ពី​ស្រុក​ខ្មែរ​ក្រោយ​ពី​សង្គ្រាម។ ការ​ផ្ដល់​សន្លឹក​ឆ្នោត​គំរូ​ជា​យុត្តិ​សាស្ត្រ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​ទាញ​យក​សំឡេង​ឆ្នោត។
លោក​ក៏​បាន​អះអាង​បន្ថែម​ទៀត​ថា វិធី​សាស្ត្រ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឲ្យ​ដឹង​ពី​ ព័ត៌មាន​នៃ​ការ​បោះ​ឆ្នោត ក៏​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ ដូច​ជា​មាន​ការ​ផ្ដល់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​ទៀត​ផង ៖ "យើង ​បាន​បង្ហាញ​តាម​ទូរទស្សន៍​ពី​ការ​បោះ​ឆ្នោត និង​មាន​ផ្ញើ​សំបុត្រ​ស្ដីពី​ថ្ងៃ​ខែ និង​ម៉ោង​ពេល​បោះ​ឆ្នោត និង​មាន​ផ្ញើ​ជូន​រួម​ទាំង​មាន​សន្លឹក​ឆ្នោត​គំរូ​ទៀត​ផង។ យើង​ក៏​បាន​ប្រកាស​ជូន​ដំណឹង​ដែរ​ថា​ប្រសិន​បើ​បង​ប្អូន​ខ្មែរ​គ្មាន​ មធ្យោបាយ​ធ្វើ​ដំណើរ យើង​នឹង​មាន​ឡាន​ទៅ​ដឹក"
លោក នួន វាសនា បាន​ជួយ​ពន្យល់​ដល់​ពល​រដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវ៉ែល​ជា​ច្រើន ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ​ពី​ការ​បោះ​ឆ្នោត ដើម្បី​នាំ​ជោគ​ជ័យ​ដល់​បេក្ខជន​ខ្មែរ ក្នុង​ការ​ប្រកួត​ជា​មួយ​បេក្ខជន​អាមេរិកាំង​ស្បែក​ស​ជា​ច្រើន​ក្នុង​ អាណត្តិ​នេះ។
លោក សារុន ជា​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ ដែល​ចូល​និវត្តន៍ រស់​នៅ​ក្នុង​ទីក្រុង​ឡូវ៉ែល​នេះ បាន​បញ្ជាក់​ថា លោក​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​ឱកាស​បែប​នេះ​ជួយ​ដល់​ពល​រដ្ឋ​ខ្មែរ​ច្រើន​ អាច​ទៅ​បោះ​ឆ្នោត​បាន ៖ "ប្រធាន​តែង​តែ​ពន្យល់​ចាស់​ៗ ពី​ការ​បោះ​ឆ្នោត ពន្យល់​ចាស់​ៗ ដែល​គាត់​អត់​ចេះ​អក្សរ អត់​ដែល​ទៅ​បោះ​ឆ្នោត​អី​អ៊ីចឹង គាត់​ពន្យល់​ថា យើង​ត្រូវ​ទៅ​បោះ​ឆ្នោត​លេខ​ណាៗ ដែល​ជា​ខ្មែរ​ដូច​គ្នា យើង​ចេះ​សាមគ្គី​គ្នា ដើម្បី​ឲ្យ​ខ្មែរ​យើង​បាន​រុងរឿង។ ខ្ញុំ​អរ​ណាស់​ដែល​បាន​ខ្មែរ​យើង​ភ្ញាក់​រលឹក​ចេញ​ទៅ​បោះ​ឆ្នោត​គ្រប់​ៗ គ្នា​ហ្នឹង"
ឡូវ៉ែល​នៃ​រដ្ឋ​ម៉ាសាឈូស្សេត ជា​ទីក្រុង​មួយ​ដែល​មាន​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​ក្នុង​សហ​រដ្ឋ​ អាមេរិក បន្ទាប់​ពី​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។ ប្រជា​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ទីក្រុង​ឡូវ៉ែល មាន​រហូត​ដល់​ជិត​ពាក់​កណ្ដាល​នៃ​ពល​រដ្ឋ​នៅ​ក្នុង​ទីក្រុង​ទាំង​មូល។ ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​ចង់​ឲ្យ​មាន​ខ្មែរ​ជា​តំណាង​ទីក្រុង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខ្មែរ​ក្នុង​សង្គម។ ទីក្រុង​ឡូវ៉ែល​នេះ មាន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ទាំង​អស់​សរុប​ជិត ១១​ម៉ឺន​នាក់៕

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home