Sunday, December 11, 2011

នៅ​មាន​ពលករ​ខ្មែរ​ជា​ច្រើន​បាត់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី

2011-12-11
ពលការិនី ​ដែល​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ជា​ច្រើន​នាក់​នៅ​ឯ​ភូមិ​ដាច់​ស្រយាល​មួយ ក្នុង​ស្រុក​កំពង់​លែង ខេត្ត​កំពង់ឆ្នាំង បាន​បាត់​ដំណឹង​ជាង ២​ឆ្នាំ មក​ហើយ ពុំ​មាន​ការ​ទាក់​ទង​មក​គ្រួ​សារ​វិញ​សោះ។

ស្ត្រី​មេម៉ាយ​ឈ្មោះ កៅ លន់ អាយុ​៦០​ឆ្នាំ ជា​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង ខេត្ត​កំពង់ឆ្នាំង។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ថា​កូន​ស្រី​គាត់​ឈ្មោះ វ៉ន កូលាប អាយុ​២៦​ឆ្នាំ មាន​លេខ​កូដ​ប្រចាំ​ក្រុមហ៊ុន​លេខ​១៦៦៩។ អ្នក​ស្រី កៅ លន់ បញ្ជាក់​ថា កូន​ស្រី​គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាម​រយៈ​ក្រុមហ៊ុន​ យូមែន​ផៅវ័រ (Human Power) កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០០៩។ គាត់​ថា តាំង​ពី​ថ្ងៃ​ចេញ​ទៅ​រហូត​មក​ដល់​ថ្ងៃ​នេះ គាត់​មិន​ដែល​បាន​ទទួល​ដំណឹង​ពី​កូន​គាត់​សោះ។ ពេល​គាត់​ទៅ​សួរ​ក្រុមហ៊ុន​សុំ​ជួប​កូន​គាត់​តាម​ទូរស័ព្ទ ក្រុមហ៊ុន​ចេះ​តែ​ឲ្យ​គាត់​រង់ចាំ​ថ្ងៃ​នេះ​ថ្ងៃ​នោះ​រហូត។ ហើយ​ឥឡូវ​នេះ លេខ​ទូរស័ព្ទ​ក្រុមហ៊ុន​ដែល​គាត់​ធ្លាប់​ទាក់​ទង​សួរ​ព័ត៌មាន​នោះ​ពេល​ហៅ​ទៅ គេ​បាន​បិទ​មិន​ឆ្លើយ​ឆ្លង​ជា​មួយ​គាត់​ទៀត​ទេ ធ្វើ​ឲ្យ​គាត់​បារម្ភ​យ៉ាង​ខ្លាំង​ពី​សុខ​ទុក្ខ​កូន​ស្រី​គាត់ ៖ «សុំ​ ប្អូន​ជួយ​ស្រាវ​ជ្រាវ​ផង វា​បាត់​ដំណឹង​ឈឹង​សូន្យ​អត់​ដែល​តេ​មក​សោះ​ជាង ២​ឆ្នាំ ហើយ។ វា​ផុត​អាណត្តិ​ជាង ២​ខែ ហើយ​តែ​មិន​ទាន់​ឃើញ​វា​មក​វិញ»
វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ យូមែន​ផៅវ័រ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ធ្នូ នេះ ដោយ​លេខ​ទូរស័ព្ទ​ដែល​គ្រួសារ​ពលការិនី​ធ្លាប់​ទាក់​ទង​នោះ​ឥឡូវ​មិន​អាច​ ទាក់​ទង​បាន​ទៀត​ឡើយ។
ប្រភព​ពី​អាជ្ញាធរ​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍ មាន​គ្រួសារ​ពលការិនី​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៤​គ្រួសារ បាន​បាត់​ដំណឹង​កូន​ចៅ​គាត់។
ប្រធាន​មន្ទីរ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​បញ្ហា​នេះ​ទេ ដោយ​គ្រួសារ​ដែល​បាត់​ដំណឹង​កូន​ទាំង​នោះ​ពុំ​បាន​មក​ទាក់​ទង​ជា​មួយ​មន្ទីរ ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​នៅ​ឡើយ ៖ «មាន​វិធី​ច្រើន ​ណាស់​ដែល​យើង​អាច​ជួយ​គាត់​បាន។ ប៉ុន្តែ​គាត់​ត្រូវ​មក​ជួប​ខ្ញុំ​សិន​ដើម្បី​យើង​សាក​សួរ​ព័ត៌មាន​លំអិត​ពី​ គាត់ ដើម្បី​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក»
លោក យ៉ា ណាវុធ ជា​នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា (CARAM Cambodia) ដែល​ជា​អង្គការ​មួយ​តាម​ឃ្លាំ​មើល និង​ជួយ​សម្រប​សម្រួល​ពលករ-ពលការិនី​ខ្មែរ ដែល​ទៅ​ធ្វើ​ការ​ឯ​ប្រទេស​ក្រៅ។ លោក​បាន​សំណូមពរ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​មក​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ លោក​មាន​មូលដ្ឋាន​ក្នុង​ការ​ជួយ​ស្រាវជ្រាវ​ដើម្បី​ជួយ​សង្គ្រោះ ៖ «តាម ​បទ​ពិសោធ​កន្លង​មក នៅ​ពេល​ដែល​មាន​របាយការណ៍​ប្ដឹង​មក​យើង គឺ​យើង​នឹង​ជួយ​សម្រប​សម្រួល។ ឃើញ​ថា​មាន​ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​បាន​យើង​រក​ឃើញ និង​បាន​ធ្វើ​មាតុភូមិ​និវត្តន៍។ ប្រការ​សំខាន់ គឺ​ប្រជា​ពល​រដ្ឋ​ត្រូវ​ផ្ដល់​ព័ត៌មាន​មក​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ឲ្យ ​គេ​ដឹង​ទើប​គេ​អាច​ជួយ​គាត់​បាន»
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង គឺ​លោក សំ ច័ន្ទគា បាន​ឲ្យ​ដឹង​ថា លោក​ទទួល​បាន​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ចំនួន ៤​ករណី និង​មិន​ទាន់​ផ្លូវ​ការ​ចំនួន ៣​ករណី ពី​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពោធិ៍ អំពី​ការ​បាត់​ដំណឹង​កូន​ចៅ ឬ​សាច់​ញាតិ​របស់​ពួក​គាត់។
ប្រភព​ពី​អាជ្ញាធរ​ឃុំ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ប៉ូលិស​កំពុង​ស្រាវ​ជ្រាវ​ចំនួន​គ្រួសារ​ដែល​មាន​កូន​ចៅ ឬ​ញាតិ​សន្តាន​ដែល​បាត់​ដំណឹង​ដើម្បី​ឲ្យ​ដឹង​ពី​ចំនួន​ពិត​ប្រាកដ​ថា​តើ​ ក្នុង​ឃុំ​ពោធិ៍ មាន​ពលការិនី​បាត់​ដំណឹង​បែប​នេះ​មាន​ប៉ុន្មាន​នាក់៕

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home