Sunday, December 11, 2011

កម្ពុជា​ជា «ស្ថានសួគ៌» សម្រាប់​បុរស

បុរស​មួយ​ចំនួន​នៅ​កម្ពុជា ដែល​មាន​ភរិយា​ហើយ មិន​ថា​តែ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​មាន​បុណ្យ​សក្ដិ​ខ្ពស់​ទេ អ្នក​មធ្យម​ធម្មតា​ក៏​តែង​តែ​លប​លួច​ទៅ​មាន​ស្ត្រី​កំណាន់​ចិត្ត​ក្មេងៗ ដែល​មាន​រូបរាង និង​សម្ផស្ស​ស្រស់​ស្អាត​ដែរ។
បញ្ហា​ស្រី​កំណាន់​ចិត្ត ឬ​ប្រពន្ធ​ដើម និង​ប្រពន្ធ​ចុង​នេះ គឺ​ពិត​ជា​កំពុង​កើត​មាន​ឡើង​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។
ទោះបី​ជា​គេ​ពុំ​មាន​ស្ថិតិ​ចំនួន​បុរស​ជា​ស្វាមី ដែល​ផិត​ក្បត់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ក្ដី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា សព្វ​ថ្ងៃ​នេះ បុរស​រៀប​ការ​មួយ​ចំនួន​ដែល​ខ្លះ​មាន​វ័យ​ចំណាស់​ៗ បាន​លប​លួច​ទៅ​មាន​ស្ត្រី​កំណាន់​ចិត្ត​ក្មេងៗ ដែល​ខ្លះ​អាច​ធ្វើ​ជា​ឪពុក ឬ​ជីតា​របស់​ស្ត្រី​ក្មេង​ៗ ទាំង​នោះ​បាន​ថែម​ទៀត​ផង។
បញ្ហា​ផិត​ក្បត់​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្ទាល់​ជា​មួយ​បញ្ហា​នានា​របស់​ ស្រ្តី បាន​អះអាង​ថា មាន​កត្តា​ពាក់ព័ន្ធ​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ការ​ប្រើ​អំណាច​បុណ្យ​ស័ក្ដិ និង​ការ​ប្រើ​ឥទ្ធិពល​ទឹក​ប្រាក់ ជះ​លើ​ស្ត្រី​ក្មេង​ៗ ទិញ​ដូរ​ការ​សប្បាយ​រួម​ភេទ​របស់​បុរស​ទាំង​នោះ។ បន្ថែម​ពី​នេះ ស្ត្រី​ក្មេង​ៗ​ខ្លួន​ឯង​ផ្ទាល់ ភ្លើតភ្លើន​នឹង​សម្ភារៈ​និយម ក៏​សុខ​ចិត្ត​ទទួល​យល់​ព្រម​ជា​មួយ​បុរស​រៀប​ការ​នោះ ដោយ​ពួក​គេ​បាន​ទទួល​នូវ​អ្វី​ៗ​គ្រប់​បែប​ពី​បុរស​នោះ ដូច​ជា​គ្រឿង​អលង្ការ​មាស​ពេជ្រ រថយន្ត​ទំនើប​ៗ និង​សំលៀក​បំពាក់​ហ៊ឺហា​ថ្លៃ​ៗ ជា​ដើម។
អ្នក​នាង ស្រី មុំ ម្ចាស់​ហាង​កែ​សម្ផស្ស​មួយ​នៅ​ផ្សារ​ដើម​ថ្កូវ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​អំពី​ការ​យល់​ឃើញ​របស់​ខ្លួន​ថា មូលហេតុ​ដែល​ស្ត្រី​ក្មេង​ស្អាត​ៗ សុខ​ចិត្ត​លប​លួច​ធ្វើ​ជា​ស្ត្រី​កំណាន់​ចិត្ត​នោះ គឺ​ដោយ​សារ​តែ​ភ្លើតភ្លើន​នឹង​ទ្រព្យ​សម្បត្តិ ដែល​បាន​មក​ដោយ​ងាយ​ៗ និង​មិន​ចង់​លំបាក​ក្នុង​ជីវិត ៖ «ពួក​គាត់​ខ្វះ​ខាត គាត់​អត់​ខ្វល់​ទេ។ គាត់​ធ្វើ​ដូច​ម្ដេច​បាន លុយ​កាន់​តែ​ច្រើន តែ​ល្អ​សម្រាប់​ចំណាយ មិន​ថា​តែ​ចំពោះ​ឲ្យ​គាត់ ឬ​ឲ្យ​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ ពី​ព្រោះ​គេ​បាន​មក​ដោយ​ស្រួល គេ​អត់​ពិបាក មាន​លុយ​ចាយ​សប្បាយ​ហ៊ឺហា​ធ្វើ​ខ្លួន។ ចំណែក​ខ្ញុំ​ខំ​ប្រឹង​រក អត់​មាន​ភ្ញៀវ គិត​ច្រើន​ពី​បញ្ហា​លំបាក​គ្រប់​បែប​យ៉ាង»
ស្រី មុំ បាន​ឲ្យ​ដឹង​ថា បញ្ហា​លប​លួច​ស្នេហា​ត្រីកោណ​នេះ គឺ​មាន​កើត​ឡើង​ច្រើន​ចំពោះ​តែ​ស្ត្រី​ក្មេង​ស្អាត​ៗ ប៉ុន្តែ​ក៏​មាន​មនុស្ស​ស្រី​ខ្លះ​គេ​ល្អ​ត្រឹមត្រូវ​មិន​ធ្វើ​ផ្ដេសផ្ដាស និង​ភ្លើតភ្លើន​ទៅ​តាម​មិត្តភ័ក្ដិ​នោះ​ដែរ។ ស្រី មុំ បន្ត​ថា ដោយ​សារ​ចរន្ត​នៃ​ផ្នត់​សង្គម​បច្ចុប្បន្ន ស្ត្រី​ក្មេង​ៗ មួយ​ចំនួន មិន​បាន​គិត​វែង​ឆ្ងាយ​ទេ ទោះបី​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​អាយុ​ជីវិត​របស់​ខ្លួន​ក៏ដោយ ៖ «គាត់​ខ្លាច តែ​ប្រថុយ​បង។ មាន​មួយ​ភាគ​ទៅ​អ៊ីចឹង តែ​ក៏​មាន​ខ្លះ​គេ​ល្អ​ដែរ។ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​មាន​កើត​ច្រើន ព្រោះ​វា​អ៊ីចឹង គេ​ដោះ​ស្រាយ​មួយ​ពេល​សិន។ ហើយ​អ្នក​ខ្លះ គេ​មិន​គិត​ល្ងង់​ដូច​ខ្ញុំ​ទេ មួយ​ធ្វើ​ស្រែ មួយ​ជិះ​ឡាន​ឡិចសីស ឥឡូវ​ខ្ញុំ​សួរ​សំណួរ​ទៅ​បង​ស្រី។ មួយ​ធ្វើ​ស្រែ​ជំទិត​ហាល​ក្ដៅ​ហាល​ភ្លៀង ហើយ​មួយ​ទៀត​ជិះ​ឡាន​ល្អ មាន​អ្នក​បម្រើ​ឆ្វេង​ស្ដាំ មាន​ម៉ាស៊ីន​ត្រជាក់ បង​ស្រី​យក​មួយ​ណា បាន​ចាយ​លុយ​ស្រួល បាន​ស្អាត​ខ្លួន​ទៀត ម៉្លោះ​ហើយ​ត្រូវ​តែ​ជ្រើស​រើស​យក​ទៅ»
ពាក់ព័ន្ធ​នឹង​ទស្សនៈ​យល់​ឃើញ​របស់​ស្ត្រី​ក្មេង​ៗ ដែល​សុខ​ចិត្ត​តស៊ូ​ទាំង​ការ​ភ័យ​ខ្លាច ដើម្បី​ធ្វើ​ជា​ស្ត្រី​កំណាន់​ចិត្ត​លួច​លាក់​នោះ លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ឈ្មោះ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​លីកាដូ បាន​មាន​ប្រសាសន៍​ថា បញ្ហា​ផិត​ក្បត់​នេះ គឺ​កំហុស​ទាំង​សង​ខាង រវាង​បុរស និង​ស្ត្រី ៖ «ខ្ញុំ​អត់​បន្ទោស​នាង​ស្ត្រី​ទេ ខ្ញុំ​អាណិត​ទៅ​វិញ ពី​ព្រោះ​គ្នា​គ្មាន​ឱកាស​បាន​ទៅ​រៀន​សូត្រ​ឲ្យ​បាន​ជ្រៅ​ជ្រះ។ បើ​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ ស្ត្រី​ហ្នឹង​មិន​ចង់​ទៅ​ធ្វើ​ជា​ប្រពន្ធ​ចុង​គេ​ទេ ចង់​តែ​មាន​ស្វាមី​មួយ​ម្នាក់​ឯង ហើយ​ចង់​មាន​កូន​ចៅ​ត​ពូជ​ទៅ​ថ្ងៃ​ក្រោយ»
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​អះអាង​ថា ស្វាមី​ដែល​ផិត​ក្បត់​ភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នក​មាន​អំណាច​បុណ្យ​ស័ក្ដិ​ ខ្ពស់ និង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ អាច​ទិញ​ផ្ទះ​លួច​លាក់​ឲ្យ​ស្ត្រី​នោះ​រស់​នៅ​ស្ងាត់​ៗ និង​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង។ ប៉ុន្តែ​ភរិយា​ដើម​ដែល​រៀប​ការ​ពេញ​ច្បាប់ បុរស​ជា​ស្វាមី​នោះ​ពុំ​លែង​ទេ ទោះបី​ជា​ភរិយា​សុំ​លែង​ក៏​ដោយ ពី​ព្រោះ​ខ្លាច​ខូច​កេរ្តិ៍ឈ្មោះ និង​បុណ្យ​ស័ក្ដិ។
អ្នក​ស្រី លឹម មុន្នី អនុ​ប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បុរស​ជា​ស្វាមី​ភាគ​ច្រើន​ដែល​ចូល​ចិត្ត​ដើរ​លេង​ផឹក​ស៊ី និង​ស្វែង​រក​ការ​សប្បាយ​ផ្លូវ​ភេទ​នៅ​ខាង​ក្រៅ ពី​ព្រោះ​គេ​ធុញ​ទ្រាន់​នឹង​បរិយាកាស​នៅ​ក្នុង​ផ្ទះ ៖ «ពេល​ព្រលប់​ឡើង ច្រើន​តែ​បុរស​ជា​ស្វាមី​ចេញ​ទៅ​ខាង​ក្រៅ ទៅ​រក​ការ​កម្សាន្ត​សប្បាយ។ ហើយ​ពោល​ថា​នៅ​ផ្ទះ​ឃើញ​តែ​ប្រពន្ធ និង​កូន​ដដែលៗ។ គាត់​អត់​សប្បាយ​ចិត្ត​ទេ គាត់​ទៅ​បារ ឬ​ក្លឹប បាន​គាត់​សប្បាយ ឃើញ​គេ​ប្លែកៗ»
លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​មាន​ប្រសាសន៍​បន្ថែម​ថា ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​មាន​ច្បាប់​ដាក់​ទោស​ចំពោះ​ស្វាមី​ណា​ដែល​មាន​ស្ត្រី​កំណាន់​ចិត្ត​ ច្រើន​នោះ ម្ល៉ោះ​ហើយ​បុរស​ជា​ស្វាមី ចេះ​តែ​បន្ត​ធ្វើ​ដោយ​ពុំ​បាន​គិត​ពី​អារម្មណ៍​របស់​ភរិយា ឬ​ផល​វិបាក​ក្នុង​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​នោះ​ឡើយ ៖ «បុរស​ឃើញ​ថា​ស្រួល ធ្វើ​ខុស​មាន​ប្រពន្ធ​មួយ​ទៀត​ទៅ មាន​កូន​អ៊ីចឹង​ទៅ អត់​មាន​ច្បាប់​មក​កាត់​ទោស​ខ្លួន​ឯង​ទេ ម្ល៉ោះ​ហើយ​ចេះ​តែ​ធ្វើ​ទៅ អាង​ខ្លួន​មាន​អំណាច​ដោយ​សារ​ថវិកា​ច្រើន។ បើ​សិន​ជា​យើង​បាន​រៀន​សូត្រ​ទាំង​អស់​គ្នា ទាំង​បុរស​ទាំង​ស្ត្រី​ក្ដី ស្ត្រី​ត្រូវ​ពិចារណា តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ប្រពន្ធ​ចុង​គេ មាន​តម្រិះ​វិជ្ជា​ដែរ រក​ការ​ងារ​ធ្វើ និង​ឯករាជ្យ​ដែរ ហេតុ​ម៉េច​បាន​ជា​មិន​រក​បុរស​ធ្វើ​ជា​ស្វាមី»
អត្ថបទ​ស្រាវ​ជ្រាវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​អ្នក​ វិទ្យាសាស្ត្រ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​វ៉ិបសាយ​ជា​ច្រើន​នៅ ស.រ.អា. នេះ បាន​ឲ្យ​ដឹង​ថា ការ​វិវត្ត និង​ការ​ប្រែប្រួល​នៃ​សម័យ​ជឿន​លឿន​សព្វ​ថ្ងៃ​នេះ បាន​ជំរុញ​ឲ្យ​បុរស​ជា​ស្វាមី ស្វែង​រក​ការ​សប្បាយ​ជា​មួយ​ស្ត្រី​វ័យ​ក្មេងៗ មាន​រូប​រាង​ល្អ មុខ​មាត់​ស្រស់​ស្អាត ដែល​ទាក់​ទាញ​បុរស​ឲ្យ​មាន​អារម្មណ៍​ត្រេក​ត្រអាល​ក្នុង​រឿង​ផ្លូវ​ភេទ។
ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រំពឹង​ថា នៅ​ថ្ងៃ​ណា​មួយ រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​អំពី​បញ្ហា​ប្រពន្ធ​ ដើម ប្រពន្ធ​ចុង និង​ស្រី​កំណាន់​ចិត្ត​នេះ ដែល​មន្ត្រី​ទាំង​នោះ​យល់​ឃើញ​ថា​ទង្វើ​ទាំង​ស្ត្រី និង​បុរស​ទាំង​នេះ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់​ដល់​ប្រពៃណី សីលធម៌ និង​ភាព​ថ្លៃថ្នូរ​របស់​សង្គម​គ្រួសារ​ខ្មែរ៕

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home